
ក្រុមហ៊ុន និងសហគមន៍ ប៉េង ហួត គ្រុប បន្តចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ២,០០០,០០០ ដុល្លារ (២លានដុល្លារ) សម្រាប់កងទ័ពជួរមុខ និងជនភៀសសឹកកាលពីថ្ងៃទី ៩ ធ្នូ ២០២៥។ ចំពោះថវិកាដែលបរិច្ចាគនេះ គឺមិនត្រឹមតែជាចំណែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែករបស់អតិថិជន ដែលបានទិញផ្ទះ និងជាអ្នករស់នៅក្នុងគម្រោង។
ជាមួយគ្នានេះ បុរី ប៉េង ហួត ក៏បានផ្តល់នូវទីតាំងសម្រាប់ដល់សប្បុរសជន និងបងប្អូនប្រជាជាតិខ្មែរ ពិសេសក្រុមការងារមូលនិធិដើម្បីមាតុភូមិ បើកទីតាំងសម្រាប់ការប្រមូលសម្ភារ គ្រឿងបរិភោគ និងអំណោយផ្សេងៗ សម្រាប់ជួយដល់បងប្អូនជនភៀសសឹកផងដែរ។
📌 ទីតាំងទទួលសម្ភារ និង គ្រឿងបរិភោគ https://url-shortener.me/30JT
⏱️ ចាប់ពីម៉ោង ៨ព្រឹក ដល់ ១០យប់
ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្នុងស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់វីរកងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
តំណាងថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងសហការី នៃមហាគ្រួសារ ប៉េង ហួត គ្រុប សូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ និងឈ្នះអស់ខ្មាំងសត្រូវដែលឈ្លានពានទឹកដីរបស់កម្ពុជា៕




